សម្តេចតេជោ ហ៊ុន សែ​ន អញ្ជើញចូលរួមពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ និងបើក​វគ្គ​បណ្ដុះ​បណ្ដាល​ឆ្នាំ២០១៧ របស់​សាលា​ភូមិន្ទ​រដ្ឋ​បាល



រាជធានីភ្នំពេញ៖ : នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃ​ព្រះរាជាណាច​ក្រកម្ពុជា​ អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រជូនដល់កម្មសិក្សាការីជាន់ខ្ពស់-មធ្យម ឆ្នាំ២០១៦ សិក្ខាកាមវគ្គខ្លី និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០១៧ របស់​សាលា​ភូមិន្ទ​រដ្ឋបាល ចំនួន​ ៧៥​១អង្គ/នាក់ ​ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងក្រើនរំលឹកដល់កម្មសិក្សាការី និង មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ត្រូវធ្វើ​ខ្លួន​ជា” ខ្ញុំបម្រើរបស់ប្រជាជន” មិនត្រូវធ្វើខ្លួនឯងជា “ចៅហ្វាយនាយ” របស់ប្រជាជននោះទេ។ មន្ត្រីរាជការគ្រប់រូបត្រូវបម្រើការងារជូនប្រជាពលរដ្ឋអោយបានល្អ ។ ការ​ធ្វើ​ជា​មន្ត្រី​ល្អ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ (គឺ​ទទួល​ខុស និងទទួលត្រូវ)។ ចំពោះទង្វើ និងការអនុវត្តន៍របស់ខ្លួន ត្រូវមានភាពស្មោះត្រង់។ ត្រូវធ្វើជាមន្ត្រីជើង ២ មិនត្រូវធ្វើជាមន្ត្រីជើង ១០ នោះទេ (ជើងបុគ្គល២ ជើងតុ៤ ជើងកៅអី៤) ពោល​គឺ​ត្រូវ​ស្គាល់​សុខ​ទុក្ខ​របស់ប្រជាពលរដ្ឋអោយបានច្រើន។ គឺមិនត្រូវនៅអង្គុយតែមួយកន្លែងទេ។ មន្ត្រីល្អជាមន្ត្រីដែលមានទទួលខុសត្រូវខ្ពស់ អាចដោះស្រាយ សភាពការទាន់ពេលវេលា និង​ច្បាស់​លាស់​ដើម្បី​បម្រើ​ប្រយោជន៍​​ដល់​ប្រជា​ពល​រដ្ឋ ហើយ “ត្រូវ រួមសុខ រួមទុក្ខ” ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា (ដកស្រង់ពីហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១